ថ្មីៗនេះការប្រកួត CS2 នៅប្រទេសចិនទីក្រុងសៀងហៃ ដែលមានឈ្មោះថា Perfect World Shanghai Major បានបញ្ចប់ទៅយ៉ាង ជោគជ័យដែលមានអ្នកចូលរួមទស្សនាច្រើនកុះករ ។ ប្រាក់រង្វាន់សរុបកម្មវិធីនេះ មានសរុបរហូត ដល់ 1,2500,000 ដុល្លារឯណោះ ។ ក្នុងនោះផងដែរកីឡាករដែលទើបតែមានអាយុ ១៧ ឆ្នាំ Donk ក៏បានចូលរួម ប្រកួតជាមួយក្រុម Team Spirit ផងដែរ ។

ឈ្មោះពេញ Danil Kryshkovets ដើមកំណើតរុស្ស៊ី មានអាយុទើបតែ ១៦ ឆ្នាំប៉ុណ្ណោះនៅពេលដែលគាត់ចូលរួមជាមួយ Team Spirit លើកដំបូងមកទល់ពេលនេះមានរយៈពេល ១ ឆ្នាំហើយ ដែលសាងស្នាដៃអោយ Team Spirit ជាច្រើន ។ បើនិយាយពីដំណើររបស់ Team Spirit នៅក្នុងការប្រកួត Perfect World Shanghai Major វិញ Team Spirit ធ្វើបានល្អគ្រាន់បើដែរ ដោយពួកគេចាញ់តែ ១ ប្រកួតប៉ុណ្ណោះហើយសរុបទៅគឺ ឈ្នះ ៣ ចាញ់ ១ ធ្វើអោយពួកគេបានឆ្លងទៅ Play-Off ។

វគ្គ Play-Off នេះ Team Spirit ត្រូវប៉ះជាមួយ Team Liquid ដែលធ្វើបានល្អជាងខ្លួនកាលពីវគ្គមុន តែមានឯណា Team Spirit បំបាក់ Team Liquid ដាច់ 2-0 គ្មានអោយតដៃបន្តិចឡើយ ។ បន្ទាប់មកទៀត Mouz ដែលជាក្រុមខ្លាំងក៏ចាញ់ក្រោមដៃ Team Spirit ក្នុងពិន្ទុ 2-1 ដែលធ្វើអោយ Team Spirit ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ។ វគ្គផ្ដាច់ព្រ័ត្រ ប៉ះជាមួយក្រុម Faze Clan ដែលជាក្រុមដ៏ខ្លាំងនិងមានប្រជាប្រិយភាព តែក៏ធ្លាប់ចាញ់ Team Spirit ពីមុនម្ដងដូចគ្នាតែលទ្ធផលចុងក្រោយគឺ 2-1 ។

Team Spirit ឈ្នះការប្រកួត Major ជាលើកដំបូងសម្រាប់ក្រុមរបស់ខ្លួនដែលបណ្ដាលអោយ Donk ក្លាយទៅជាកីឡាករដែលឈ្នះ Major ក្មេងជាងគេបង្អស់ ។ សមាជិកផ្សេងៗដូចជា magixx, chopper, zont1x និង sh1ro ក៏បំបែកកំណត់ត្រាផ្ទាល់ខ្លួនដែរគឺឈ្នះ Major លើកទី ១ សម្រាប់ខ្លួនឯង ៕