អង្គុយអូសពត៍មានលេងៗតែប្រទះមិនមែនចង្រ្កានហ្គាសទេតែអណ្តូងប្រេងតែម្តង! ហ្គេមមួយនេះត្រូវបានក្រុមហ៊ុនNaked Rainយកមកប្រកាសកាលពីឆ្នាំ2023 នៅកម្មវិធីហ្គេមខន។ ដែលធ្វើឲ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងតែក៏ស្ងាត់ទៅវិញដោយសារជិត2ឆ្នាំហ្គេមនេះមានការស្ងាត់មែនទែន ហើយមិនបានប្រកាសថាចេញនៅពេលណាដែល។ តែសម្រាប់អ្នកដែលចាប់អារម្មណ៍វិញនៅតែតាមដានពត៍មានយ៉ាងអត់ធ្មត់រងចាំការប្រកាសណាមួយរបស់ក្រុមអ្នកបង្កើតហ្គេមនេះ។ អេដមីនចាប់អារម្មណ៍ធំជាងគេទៅលើហ្គេមនេះដោយសារ Ananta អាចនឹងក្លាយខ្លួនទៅជាហ្គេមមួយដែលអាចបំបែកប្រព័ន្ធរកលុយរបស់ហ្គេមធំៗប្រភេទGacha បាន ដូចជា Genshin Impact ជាដើម។ ងាកមកមើលហ្គេមនេះវិញ គឺជាហ្គេមកូនកាត់ខ្នាតធំដែលមានរួមបញ្ចូលប្រព័ន្ធការលេង ការវ៉ៃ ការធ្វើដំណើរទៅតាមហ្គេមល្បីៗ និង តំម្រាប់តាមសាច់រឿងកុនខ្លះផងដែរ។ ហ្គេមនេះបានបង្កើតឡើងដោយក្រុមហ៊ុនចិន ហើយឈ្មោះគម្រោងសម្រាប់ហ្គេមនេះថា Project Mugen ដែលមានការសហការពីក្រុមហ៊ុនជប៉ុនដែលជាបិតានៃស្តេចហ្គេមAnime។ អេដមីនសុំបែងចែកប្រធានបទហ្គេមនេះទៅជា4ធំៗគឺ៖

-សាច់រឿង៖

សាច់រឿងរបស់ហ្គេមនេះមានលក្ខណះស្រដៀងទៅនឹងហ្គេមដទៃទៀតដែរ ជាពិសេស Zenless Zen Zero​ ដែលមានសាច់រឿងនៅក្នុងទីក្រុងដែលមានតួអង្គមួយចំនួនមានសមត្ថិភាពពិសេស ហើយធ្វើការប្រយុទ្ធបែបជាបុគ្គលិកអង្គភាពប្រឆាំងនឹងសភាវៈអាក្រក់ដែលឲ្យឈ្មោះថា Chaos និងដំណើរផ្សងព្រេងទៅរកហេតុផលថាតើបិសាចនេះកើតឡើងមកពីណា។​

-តួអង្គ៖

ផ្តើមពីអ្នកដែលជាបុគ្គលិកអង្គភាព​កំចាត់បិសាចហើយរស់នៅក្នុងទីក្រុងជាមួយតួអង្គសម្ខាន់ដទៃទៀត ជាពិសេសអ្នកជាដៃគូជាមួយបុគ្គលិកថ្មីឈ្មោះTaffyដែលមានចរិតខ្ចិលច្រអូសចូលចិត្តដេកផ្ទុយពីសមត្ថិភាពដែលខ្លាំងយកជាការបានពេលត្រូវការ។ ហ្គេមនេះបានបង្ហាញតួអង្គដទៃទៀតគួរសមនៅលើវេបសាយរបស់ខ្លួនបើអ្នកចាប់អារម្មណ៍អាចចូលមើលបាន។ 

-ការលេង៖

ចាប់ផ្តើមចូលសាច់រឿងក្តៅគគុកហើយ និងជាហេតុដែលធ្វើឲ្យអេដមីនមានទំនុកចិត្តថានឹងអាចក្លាយទៅហ្គេមប្រចាំឆ្នាំ។ ការលេងរបស់ហ្គេមនេះពិតជាធំទូលាយមែនទែន ដែលអ្នកអាចលេងដូចជាហ្គេមចោរលួចឡានដើរបានគ្រប់ច្រកល្ហកនៃទីក្រុង ហើយអាចចូលលេងអាគារផ្សេងៗបានដូចជាកន្លែងលេងហ្គេម ហែលទឹក ហាត់ប្រាណ ចូលក្លឹប ឬទៅសួនកំសាន្ត ហាងអាហារជាដើម។ល។ មិនត្រឹមតែប៉ុន្នឹងទេតែអ្នកអាចលេងបែបតាមសាច់រឿងក៏បានដែលដូចជាដំណើរផ្សងព្រេងហ្គេមទូទៅដែលត្រូវការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៅវ៉ៃបិសាច និងស៊ើបរឿងសម្ងាត់ផ្សេងៗ។ និយាយដល់កន្លែងផ្លាស់ទីវិញ អ្នកណាខ្លះជាហ្វេនរបស់ Spiderman ឬ Attack on Titan? ព្រោះហ្គេមនេះអ្នកអាចលេងហោះតោងអាគារពីមួយទៅមួយរត់លើដំបូល និងកញ្ចក់អាគារដូចអ្នក Pakour តែបើថាចូលចិត្តបើកឡានវិញ ហ្គេមនេះក៏មានឡានឲ្យផងដែរហើយបើតាមមើលក៏អាចប្រណាំង ឬ Drift ក្នុងល្បឿនលឿនតាមតែចិត្តចង់។ មិនត្រឹមតែឡានតែអ្នកក៏មានម៉ូតូ ឬក៏ជិះតាក់សុីក៏បាន និយាយរួមពាក្យមួយម៉ាតដែលអ្នកបង្កើតហ្គេមបានប្រើដើម្បីបរិយាយហ្គេមនេះគឺជា “សេរីភាព”។ គឹអ្នកលេងអាចធ្វើអ្វីក៏បានតាមតែចិត្តចង់។ 

-ការវ៉ៃ៖

បើហ្គេមវ៉ៃគ្នាវ៉ៃមិនសប្បាយអស់ន័យបាត់ហើយ តែហ្គេមនេះបានបញ្ចូលធាតុផ្សំពីរឿងចិនបែបឈិនឡុង ដែលគ្មានអាវុធជាប់ខ្លួន ចាប់បានអីយកនឹងវ៉ៃ​ ដែលតួអង្គមានសមត្ថិភាពហើយស្រាប់ហើយគួបផ្សំជាមួយរបស់របនៅជិតខ្លួនធ្វើជាអាវុធ ដូចជាឡាន ធុងសម្រាម កង់ឡានដែលនៅក្បែរបិសាចដើម្បីប្រយុទ្ធគ្នា។​ ហើយក៏មានការផ្សំបញ្ចូលពីរឿងបែបអាមេរិកដែលបាញ់បោះពីក្នុងឡានដែលធ្វើឲ្យហ្គេមនេះកាន់តែប្លែក។ 

នៅពេលដែលហ្គេមនេះចេញ វាគឺជាប្រភេទហ្គេម Free-to-play អ្នកមិនត្រូវការចំណាយលុយឡើយ​ ហើយនៅក្នុងបទសំភាសន៍អ្នកគ្រប់គ្រងហ្គេមនេះក៏មិនទាន់បានសម្រេចចិត្តថាខ្លួននឹងរកលុយតាមណាដែរ ព្រោះពួកគេចង់ផ្តោតទៅលើគុណភាពការលេងជាមុន និងព្យាយាមធ្វើឲ្យហ្គេមនេះសុក្រិតនឹងមិនតម្រូវឲ្យមានការបង់លុយដើម្បីខ្លាំងជាងគេនោះទេ។ នេះជាអ្វីដែលធ្វើឲ្យអេដមីនគិតថាក្រុមហ៊ុនផលិតហ្គេមនេះអាចនឹងមានសមត្ថិភាពបំបែកប្រព័ន្ធដែលត្រូវការចំណាយលុយច្រើនដើម្បីខ្លាំងជាងអ្នកមិនចាយលុយ ជាពិសេសពពួក Gacha ហ្គេម។​