បើនិយាយពីហ្គេម Among Us ច្បាស់ណាស់ថាអ្នកណាៗក៏ស្គាល់ដែរ កំឡុងពេលកូវីដចេញទៅណាអត់រួច ជាពេលដែលហ្គេមនេះ កំពុងតែពេញផ្ទុះល្បីហើយ។ អាកំពុងតែដេកនៅតែផ្ទះមិនដែលបានឃើញមុខគ្នាផង មកលេងហ្គេមនេះទៀតធ្វើអោយអេតមីន ដឹងថាមិត្តភក្តិជុំវិញខ្លួនអេតមីនសុទ្ធតែជាពស់ និយាយពីថាកុហកបោកប្រាស់ឯង ឡើងឈ្ងុយតែម្ដង ហើយបើនិយាយពីឈ្លោះគ្នា ក្នុងហ្គេមពេលខ្លះ ឈ្លោះដល់ថ្នាក់អត់និយាយរកគ្នា ដល់តែយើងឆាតទៅលួងវាវិញ ធ្វើមើលតែឯងនឹងសង្សារវាហើយនឹង។ តែយ៉ាងណាវិញកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Innersloth ដែលជាក្រុមហ៊ុនបង្កើតហ្គេមត្រកូល Among Us បានសម្រេចចិត្តប្ដូរ ឈ្មោះអោយ Among Us VR ទៅជា Among Us 3D (ឈ្មោះថ្មី) វិញ ដោយសារតែចង់ទាក់ទាញអ្នកលេងមកបន្ថែម ក៏ដូចជាដាក់ អោយត្រូវជាមួយបរិបទហ្គេមតែម្ដង។
អេតមីនសុំបញ្ជាក់បន្តិចថាហ្គេម Among Us VR បានបញ្ចេញអោយលេងតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ហើយការប្ដូរឈ្មោះនេះ គឺមិនបានប៉ះពាល់ទៅដល់អ្នកលេងហ្គេមនុះពីមុនមកទេ ដោយនៅតែរក្សាទម្រង់លេងដដែល ហើយថែមទាំងមានការអាប់ដេត អោយស្អាត មានភាពស៊ីវីល័យជាងមុនទៀតផង។ អេតមីននិយាយដោយស្មោះត្រង់ គឺអេតមីនធ្លាប់តែលេងអាធម្មតាបែប 2D ពេលគេបិទភ្លើងម្ដងៗស្រែកឡើងផ្អើលអស់ឋានទាំង៣ ល្មមលេង Among Us 3D នេះទៀតខ្លាចតែគាំងបេះដូងទេមើលទៅ។ ហើយបើអ្នករាល់គ្នាចាប់អារម្មណ៏ហ្គេមនេះអាចសាកល្បងទាញយកមកលេងបានណា ដោយតាំងពីប្ដូរឈ្មោះថ្មីមក ក៏បានដាក់អោយទាញលេងក្នុងវេបសាយហ្គេមល្បីៗជាច្រើនដូចជា Steam, Meta Quest, PlayStation VR2 និង Pico ។